
ការស្នើបែបនេះបានធ្វើឡើងក្នុង ពិធីផ្សព្វផ្សាយអនុក្រិត្យ សេចក្តីប្រកាស ក្របខ័ណ្ឌចាត់តាំងតាមខ្សែរយៈ ឋានានុក្រមវិស័យបច្ចេកទេស ទូទាំងកងយោធពលខេមរ ភូមិន្ទ នៅក្រសួងការពារជាតិនាព្រឹកថ្ងៃទី ៧ខែមិថុនា ឆ្នាំ២០១២ ដោយលោកបានលើកឡើងថា អគ្គមេបញ្ជាការដ្ឋាន គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវគ្រប់គ្រងថែរក្សា អាវុធ គ្រាប់រំសេវ គ្រឿងបំពាក់ផ្សេងៗឱ្យបានល្អ ជៀសវាងដាច់ខាត នូវការធ្វេសប្រហែសខ្វះការថែទាំ ទុកដាក់គ្មានសណ្តាប់ធ្នាប់ បណ្តាលឱ្យបាត់បង់ ឬធ្លាក់ទៅ លើដៃជនខិលខូចបង្កបង្កភាពអនាធិបតេយ្យក្នុងសង្គម ។
គ្រាប់សព្វាវុធដែលលោក ទៀ បាញ់និយាយសំដៅនោះ រួមមាន៖ អាវុធថ្មើរជើងនិងគ្រាប់រំសេវ កាំភ្លើងប្រតិកម្ម កាំភ្លើងធំ គ្រាប់គ្រប់ប្រភេទ កាំភ្លើងការពារអាកាស ស្ថានីយរ៉ាដា រថក្រោះ រថពាសដែក យានយន្ត គ្រឿងចក្រ យន្តហោះប្រដេញ យន្តហោះស្លាប ឧទ្ធម្ភាគចក្រ រួមទាំងឃ្លាំងគ្រាប់រំសេវ និងឧបករណ៍សឹកសង្គ្រាម មួយចំនួនទៀត ។
ក្នុងការធ្វើមតិណែនាំនោះ លោកបានដាស់តឿនដល់មេបញ្ជាការទាំងអស់ថា បើយើងមិនទុកដាក់ សម្ភារៈទាំងនោះឱ្យបានត្រឹមត្រូវទេ ពេលមានហេតុការណ៍កើតឡើង របស់ទាំងនោះគ្មានប្រសិទ្ធិភាពឡើយ ហើយកាំភ្លើងខ្លះ មានតួតែគ្មានគ្រាប់ ហើយកាំភ្លើងខ្លះទៀត ច្រែះស៊ី ប្រើមិនកើតទៀតផង ដោយសារការមើល ថែរក្សាមិនបានដិតដល់និងធ្វេសប្រហែស។
លោកបន្តថា «អារឿងសម្ភារៈបច្ចេកទេសរបស់យើងនេះ យើងនិយាយឱ្យមែនទែនទៅភាគច្រើន ធ្វើអំពីដែកជាមួយស្ពាន់ ជាមួយបច្ចេទេសមួយចំនួន អាដែកហ្នឹង បើមិនបានជូតលាង មិនបានថែរក្សាឱ្យបានត្រឹមត្រទេ វាច្បាស់ជាច្រែះហើយ គ្មានដែកណាមិនច្រែះទេ»។
ក្នុងសុន្ទរកថា បើកពិធីផ្សព្វផ្សាយនោះ លោកបានសង្កត់ធ្ងន់ថា ទោះបីប្រទេសជាតិ បានប្រែក្លាយពីការប្រយុទ្ធ ការពារទីតាំងនៅតាមព្រំដែន ជាមួយប្រទេស ជិតចខាង មកត្រឹមត្រៀមប្រយុទ្ធការពារទីតាំងក្តី មេបញ្ជាការគ្រប់កងឯកភាពទាំងអស់ ត្រូវប្រុងប្រយ័ត្ន កុំមានទស្សនៈសន្តិភាពនិយមឱ្យសោះ ការលើកឡើងរបស់ លោក ទៀបាញ់ ពេលនេះសមដូច សុភាសិតឥណ្ឌាមួយឃ្លា ពោលថា «ចង់បានប្រទេសមានសន្តិភាព ត្រូវត្រៀមខ្លួនធ្វើសង្រ្គាម»៕



