Wednesday, May 2, 2012

ពលករខ្មែរ នៅតែសម្រុក ទៅធ្វើការ​ ខុសច្បាប់ ក្នុងប្រទេសថៃ

បន្ទាយមានជ័យ៖ បើទោះបីជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឲ្យមានការចំណាកស្រុក ខុសច្បាប់ទៅធ្វើការនៅប្រទេសថៃនោះ ប៉ុន្តែជាក់ស្តែង មានប្រជាពលរដ្ឋខ្មែរ ជាច្រើននាក់ បាននិងកំពុងសម្រុកទៅធ្វើការនៅប្រទេសថៃ ដោយខុសច្បាប់ តាមការឆ្លងកាត់ច្រកព្រំដែន កម្ពុជា និងថៃ ក្នុងខេត្តបន្ទាយមានជ័យ រាប់ទាំងច្រកស្របច្បាប់ និងច្រកមិនស្របច្បាប់ ដែលមានប្រវែង១៥៣គីឡូម៉ែត្រ។

យោងតាម ប្រភពព័ត៌មានដែល ទម្លាយចេញ ពីសមត្ថកិច្ចនៅតាម ច្រកទ្វារព្រំដែនកម្ពុជា និងថៃ នៅល្ងាចថ្ងៃទី២ ខែឧសភា នេះ បានឲ្យដឹងថា ក្នុងប្រវែង១៥៣គីឡូម៉ែត្រ នៃបន្ទាត់ព្រំដែនរវាងខេត្តបន្ទាយមានជ័យ និងខេត្តនៅក្នុងប្រទេសថៃ គឺមានច្រក អន្តរជាតិមួយ ច្រកតំបន់ពីរគឺច្រក អូរស្មាច់ និងច្រកបឹងត្រកួន និងច្រករបៀងជាច្រើនផ្សេងទៀត ដែលគេសង្កេតឃើញមានការឆ្លងកាត់ ពីសំណាក់ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ដែលមានបំណងទៅធ្វើការនៅក្នុងប្រទេសថៃ ។
ប្រភពព័ត៌មានពី សមត្ថកិច្ចបានបន្តទៀតថា ពលករខ្មែរជាច្រើន នាក់ជារៀងរាល់ថ្ងៃ បានសម្រុកទៅធ្វើការនៅក្នុងប្រទេសថៃដោយខុសច្បាប់ ដូចហែរកឋិន តាមរយៈការបង់លុយឲ្យសមត្ថកិច្ច តាមច្រកព្រំដែនទាំងនេះ និងតាមរយៈមេខ្យល់របស់ពួកគេ។
ប្រភពបានបន្តទម្លាយថា បើពលករ ឆ្លងកាត់តាម ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយលួចលាក់ ដែលស្ថិតនៅជិតហាង អាហារសមុទ្រមួយ នោះគឺត្រូវបង់ឲ្យសមត្ថកិច្ច ក្នុងម្នាក់ៗចំនួន២០០ បាតស្មើនឹងជាង២ម៉ឺនរៀល ។
ដោយឡែកបើពលករ ឆ្លងកាត់តាម ច្រករបៀងទាំងឡាយនោះគឺត្រូវបង់ ឲ្យសមត្ថកិច្ចក្នុងម្នាក់ៗចំនួន១០០បាត។ ប្រភពបានបន្តថា ការគ្រប់គ្រង ការឆ្លងដែនដោយ ខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃនោះ គឺពិតជាមានការលំបាក យ៉ាងខ្លាំងបើសមត្ថកិច្ចតាមព្រំដែន ជាពិសេសនៅតាមច្រកទ្វារសំខាន់ៗទាំងនេះ នៅតែយកលុយ ពីប្រជាពលរដ្ឋ ៕

Comments system

Disqus Shortname