ខេត្តបន្ទាយមានជ័យ ៖
នារីម្នាក់បានស្លាប់ភ្លាមៗខណៈពេលធ្វើដំណើរចេញពី
ស្រុកភ្នំស្រុក ជិតដល់ផ្លូវជាតិលេខ៦
ហើយត្រូវរន្ទះបាញ់ពេលនាងសុំអ្នកបើកបរថយន្តឈប់ចុះ
បត់ជើងតូច ។ ហេតុការណ៍នេះ
បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៩
មេសា
លើផ្លូវលំចុះពីផ្លូវជាតិលេខ៦ចូលទៅស្រុកភ្នំស្រុក
ក្នុងភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ។
នេះគឺជាជនរងគ្រោះទី២ហើយសម្រាប់ឆ្នាំនេះដែលត្រូវ
ស្លាប់ដោយសាររន្ទះបាញ់
បន្ទាប់ពីជនរងគ្រោះម្នាក់ស្លាប់ដោយសារន្ទះបាញ់នៅ
ស្រុកម៉ាឡៃ កាលពីថ្ងៃទី២១ មេសា កន្លងមក
។
តាមប្រភពព័ត៌មានពីសាច់ញាតិ
បានប្រាប់ឱ្យដឹង នៅមណ្ឌលសុខភាពក្រុងសិរីសោភ័ណថា
នារីរងគ្រោះឈ្មោះ ចិន គា អាយុ១៨ឆ្នាំ
នៅភូមិគោកសេះ ឃុំភ្នំដី ស្រុកភ្នំស្រុក
ធ្វើការនៅហាងសាច់គោអាំងអូរអំបិល
ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល
ក្រុងសិរីសោភ័ណ ។
មុនពេលកើតហេតុម្ចាស់ហាងសាច់គោអាំងអូរអំបិលថ្មី
ដែលត្រូវជាសាច់ញាតិបាននាំគ្នាជិះរថយន្តជាលក្ខណៈ
ក្រុមគ្រួសារដែលមានអ្នកជិះប្រុស ស្រីចំនួន១៤នាក់
រួមទាំងនារីរងគ្រោះផងទៅលេងនៅអាងទឹកត្រពាំងថ្ម ។
ពេលត្រឡប់មកវិញ
មេឃបានបង្អុរភ្លៀងស្រិចៗរហូតចាប់ពីស្រុកភ្នំស្រុកមក
លុះមកដល់ចំណុចខាងលើនាងបានឱ្យអ្នកបើកបររថយន្តឈប់
ដើម្បីចុះទៅបត់ជើងតូចក្នុងនោះក៏មាននារីម្នាក់ចុះ
បត់ជើងដែរ
ដែលនៅចម្ងាយពីរថយន្តប្រមាណ៣ទៅ៤ម៉ែត្រប៉ុណ្ណោះ ។
ប្រភពដដែលបន្តថា ក្រោយពីនាងបត់ជើងរួច
ទើបឈានជើងដើរមកជិះរថយន្ត ក៏ត្រូវរន្ទះបាញ់
បណ្តាលឱ្យអ្នកជិះលើរថយន្តមានការភ័យតក់ស្លុតគ្រប់ៗគ្នា
។
ស្របពេលនោះនារីម្នាក់ដែលបត់ជើងជាមួយគ្នាឃើញនារីរង
គ្រោះទន់ជង្គង់ក៏ ស្ទុះទៅគ្រាហ៍
រួចនាំគ្នាលើកដាក់លើរថយន្តយកមកព្យាបាលនៅមណ្ឌលសុខភាព
សិរីសោភ័ណ ដោយនឹកស្មានថា
នាងមិនទាន់ស្លាប់គ្រាន់តែសន្លប់
ព្រោះដងខ្លួននៅទន់នៅឡើយ
លុះមកដល់មន្ទីរពេទ្យគ្រូពេទ្យប្រាប់ថា
នាងស្លាប់បាត់បង់ជីវិតទៅហើយ ។
នៅពេលនោះដែរ
គេបានធ្វើកោសល្យវិច័យសពដោយមានការចូលរួមពីលោកឡុង
ជាប ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត
នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ
នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងគ្រូពេទ្យ ។
តាមការពិនិត្យនៅលើខ្លួនសព មានស្នាមជាំខ្មៅនៅដើមក
ដើមទ្រូង និងឆ្អឹងជំនីរ ។ សមត្ថកិច្ចបានអះអាងថា
ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់មែន
ហើយក្រោយពីពិនិត្យរួច
ក៏បានបញ្ជូនសពយកទៅធ្វើបុណ្យនៅឯភូមិកំណើតរបស់នាងវិញ
ទាំងក្តីសោកសៅ ៕