
គ្រាន់តែចូលមកដល់ទឹកដីខ្មែរភ្លាម បានធ្វើឲ្យ ឆៃ លីដាឡែន ដេកមិនលក់បក់មិនល្ហើយ ក្តៅចុងច្រមុះ និងបានហៅទូរស័ព្ទបកស្រាយ បំភ្លឺឲ្យមហាជនបានដឹងថា នាងគ្មានចេតនាឌឺដង ឬផ្គើនក្នុងការបង្ហាញឈុតក្តៅសាច់ មួយដងជាពីរដងនោះទេ ។ នាងអះអាងថា រូបភាពដែលបណ្តាញព័ត៌មានកំពុងតែចាប់អារម្មណ៍ថ្មីៗនេះ គឺជារូបភាពដែលនាងបានថតយូរមកហើយ ពោលគឺមុននាងចេញទៅសម្តែងនៅអាមេរិក ក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០១១ នៅឯសណ្ឋាគារមួយក្នុងក្រុងសៀមរាប ខណៈដែលនាងនិងមិត្តភក្តិ រួមជាមួយ ក្រុមគ្រួសារជាច្រើននាក់ បានទៅដើរលេងកំសាន្ត នៅទីនោះ ។
ឆៃ លីដាឡែន បានបញ្ជាក់ដោយអារម្មណ៍មួរហ្មងថា “ពេលខ្ញុំនៅអូស្ត្រាលី ខ្ញុំបើកវេបសាយ ខ្ញុំឃើញ ព័ត៌មានហ្នឹង ខ្ញុំមានអារម្មណ៍អាក់អន់ចិត្ត ហើយព័ត៌មាននេះ ខ្ញុំគិតថា ប្រហែលជាមានអ្នក ចង់ជាន់ពន្លិច កេរ្តិ៍ឈ្មោះរបស់ខ្ញុំ ក្នុងសិល្បៈ មិនឲ្យងើបរួច ទើបគេបើកករកាយ រូបនេះឡើងវិញ ។ ខ្ញុំគិតថា យើងជា មនុស្សត្រូវចេះ ឲ្យតម្លៃដល់អ្នកសិល្បៈ ខ្ញុំក៏បានធ្លាប់ទទួលស្គាល់ ពីកំហុសរបស់ខ្ញុំដែរ បើកាលណា យើងមិនចេះឲ្យតម្លៃអ្នកសិល្បៈ នោះមនុស្សគ្រប់រូប នឹងមិនហ៊ាន ចូលប្រឡូក ក្នុងសិល្បៈនោះទេ” ។
ក្រោយពីសម្រួលអារម្មណ៍ មួយដង្ហើមរួចមក ឆៃ លីដាឡែន បានបន្តទៀតថា “តាមការពិតរូបភាពហ្នឹង ខ្ញុំបង្ហោះវានៅលើហ្វេសប៊ុក របស់ខ្ញុំតាំងពីយូរណាស់មកហើយ តាំងពីមុនខ្ញុំទៅអាមេរិក និងមានមិត្តភក្តិ បញ្ចេញមតិឆ្លើយឆ្លងគ្នា ពាសពេញហ្នឹងម៉េចមិនផ្អើល ហេតុអ្វីទើបតែខ្ញុំកំពុងតែមានបញ្ហា ទៅលើចំណុចនេះ ស្រាប់តែគេបើក ករកាយ បញ្ហាដដែលនេះ យកមកបន្ថែមពីលើហ្នឹងទៀត ? ចុះឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលខ្ញុំស្លៀក និងបង្ហោះជាច្រើន ម៉េចមិនយកមកចុះផ្សាយ ? ខ្ញុំឆ្ងល់ណាស់ ?” ។
ឆៃ លីដាឡែន បានថ្លែងខ្លាំងៗ បន្តឲ្យដឹងទៀតថា “ខ្ញុំវាមានមេរៀន ម្តងរួចមកហើយ ហើយខ្ញុំក៏បានសន្យាថា ខ្ញុំលែងហ៊ានថតរូបបែបនេះទៀតហើយ ចុះហេតុអី នៅតែកកូរកកាយ រូបថតតាំងពីយូរមកហើយ មកចុះផ្សាយទៀត បើសិនជារូបហ្នឹងថ្មីៗ ខ្ញុំទើបបង្ហោះ វាអត់បញ្ហាទេ ខ្ញុំទទួលស្គាល់…” ។
ទោះបីជាយ៉ាងណា បន្ទាប់ពីទទួលការព្រមាន យ៉ាងចាស់ដៃពីសំណាក់មហាជន និងក្រសួងពាក់ព័ន្ធ កាលពីអំឡុងនាងកំពុងសម្តែង នៅក្នុងទឹកដីសហរដ្ឋអាមេរិក ឆៃ លីដាឡែន នាងបានទទួលស្គាល់ និងសុំទោសជាសាធារណៈ រួចហើយ មួយរយៈចុងក្រោយនេះ គេមិនបានឃើញ ឆៃ លីដាឡែន បង្ហាញរូបភាពសិចស៊ី ហួសហេតុ ទៀតឡើយ ព្រោះមេរៀនកន្លងមក ធ្វើឲ្យនាងបាក់ស្បាត ។
ក៏ប៉ុន្តែថ្មីៗនេះ ខណៈដែលអ្នកចូលចិត្តលេង ហ្វេសប៊ុក ប្រទះឃើញរូបភាព ឈុតស្រើបស្រាលថ្មីមួយទៀតនេះ ត្រូវបាននាងបញ្ជាក់ យ៉ាងច្បាស់ថា វាជារូបភាពថត យូរមកហើយ មិនមែនទើបតែមានរឿងបែបនេះ ហើយនាងធ្វើផ្គើននោះទេ ។
ទោះបីជាបែបនេះក្តីគេបានពិនិត្យឃើញថា អ្នកបញ្ចេញមតិ ទៅលើរូបភាពនេះ បានបង្ហាញអារម្មណ៍ ភ្ញាក់ផ្អើល និងអ្នកខ្លះហ៊ានថាឲ្យនាង មិនរាងចាល ។ តើមានន័យថា រូបភាពនេះនាងថត ថ្មីៗឬជារូបចាស់យូរមកហើយ ? បើរូបភាពនេះ នាងអះអាងថា បង្ហោះយូរមកហើយ ហេតុអ្វីបានជាអ្នកបញ្ចេញមតិ ហ៊ាននិយាយថា នាងមិនរាងចាល ?

