ភ្នំពេញ : យោងតាមការស្រាវជ្រាវ ផាំងរ៉ុក (Punk Rock) គឺជាប្រភេទតន្ត្រីរ៉ុកដែលចាប់បដិសន្ធិឡើងនៅឆ្នាំ១៩៧៤ នៅសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី។ តន្ត្រីប្រភេទនេះដើមឡើយកើតចេញពីក្រុមតន្ត្រីរ៉ុកប្រគំនៅក្នុង ឃ្លាំងចាស់ៗ ជាមួយនឹងបទភ្លេងខ្លីៗ មានចង្វាក់លឿនៗ ភ្ជាប់ដោយអត្ថន័យចម្រៀងអំពីនយោបាយ ឬបញ្ហាសង្គមផ្សេងៗ។ ជាទូទៅ ក្រុមតន្ត្រីនេះច្រើននិពន្ធបទភ្លេង និងធ្វើការចម្លងចែកចាយដោយខ្លួនឯង។
បច្ចុប្បន្ន តន្ត្រីប្រភេទនេះចាប់ផ្ដើមមានវត្តមាននៅប្រទេសកម្ពុជាហើយ បើទោះជាមនុស្សមួយចំនួនមិនសូវស្គាល់វាក្ដី។
ដេញ ហ្គីតាបណ្ដើរ លោតចុះឡើងគ្រវីក្បាល និងដងខ្លួនបណ្ដើរ តន្ត្រីករហ្គីតាឈ្មោះ ប្រពៃ អាយុ២២ ឆ្នាំ ដែលជាសមាជិកក្រុម អេនធី ហ្វេត (Anti-Fate) បានថ្លែងថា៖ «អ្នកខ្លះថាពួកយើងឆ្កួតដែលលេងតន្ត្រីផាំងរ៉ុក នៅទីនេះ»។
ក្រុម តន្ត្រីនេះបានកកើតឡើងនៅដើមឆ្នាំ២០១១ ដោយស្ថាបនិក៤នាក់សុទ្ធសឹងជាតន្ត្រីករស្នេហាចង្វាក់ផាំងរ៉ុក។ ពួកគេបានស្គាល់គ្នាតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ មិនយូរប៉ុន្មានពួកគេក៏ចាប់ផ្ដើមណាត់ជួបគ្នា ដើម្បីហាត់សមលេងតន្ត្រីសំណព្វរបស់ខ្លួន។ ពួកគេមិនត្រឹមតែមានទឹកចិត្តស្រឡាញ់ចម្រៀងប្រភេទនេះទេ ប៉ុន្តែថែមទាំងមានបទពិសោធស្រដៀងគ្នា ដែលធ្វើឲ្យក្រុមនេះបោះជំហានលើវិថីតន្ត្រីដល់សព្វថ្ងៃ។
យ៉ាងណាមិញ ប្រពៃ បានរំឭកថា៖ «មានពេលខ្លះយើងក៏បាត់ភាពក្លាហានផងដែរ ជាពិសេសពេលដែលយើងនៅដាច់ដោយឡែកពីគ្នា ពីព្រោះគ្រួសាររបស់យើងរៀងៗខ្លួនមិនស្គាល់ពីប្រភេទតន្ត្រីដែលយើង កំពុងអនុវត្តឡើយ។
ម៉្យាងវិញទៀត ប្រជាជនកម្ពុជាមានរសនិយមទៅរកតន្ត្រី ខេប៉ុប កូរ៉េខាងត្បូង ចង្វាក់ហ៊ីបហប់ និងចង្វាក់មនោសញ្ចេតនា ដូច្នេះហើយនៅពេលដែលពួកគេបានស្ដាប់បទចង្វាក់ផាំងរ៉ុកនេះ ពួកគេបែរជាយល់ថា ចម្លែក និងមិនស៊ាំត្រចៀកសោះ។
ប៉ុន្តែស្ថានភាពនេះមិនត្រូវបានក្រុមតន្ត្រី អេនធី ហ្វេត ចាត់ទុកជាឧបសគ្គឡើយសម្រាប់អនាគតរបស់ពួកគេ។
តន្ត្រីករ ប្រពៃ បានបន្តថា៖ «យើងមិនខ្វល់ពីបញ្ហានេះទេ ព្រោះយើងមិនអាចតម្រូវចិត្តមនុស្សគ្រប់រូបឡើយ។ យើងត្រូវសម្លឹងឲ្យបានវែងឆ្ងាយ។ បើយើងមិនចាប់ផ្ដើមជម្នះនៅពេលនេះទេ យើងមិនអាចធ្វើឲ្យតន្ត្រីផាំងរ៉ុក រស់រានមានជីវិតលើទឹកដីកម្ពុជាឡើយ»។
ទោះបីជាមិនសូវមានមនុស្ស ស្គាល់ច្រើនក៏ពិតមែន ប៉ុន្តែក្រុម អេនធី ហ្វេត ក៏ធ្លាប់មានក្រុមហ៊ុននានាទាក់ទងសុំសហការជាមួយផងដែរ។
អ្នកលេង ហ្គីតាម្នាក់ទៀតក្នុងក្រុម ឈ្មោះ ដូមីនិក បានថ្លែងថា៖ «មានក្រុមហ៊ុនស្នើឲ្យយើងសហការជាមួយគេ ប៉ុន្តែយើងមិនចង់ធ្វើកូនចៅអ្នកណាម្នាក់ឡើយ។ យើងចង់មានម្ចាស់ការលើខ្លួនឯង»។
អាល់ប៊ុមដំបូងបំផុតរបស់ក្រុម អេនធី ហ្វេត ត្រូវបានគេរំពឹងថានឹងចេញនៅចុងឆ្នាំ២០១២ ជាមួយនឹងកម្រងបទចម្រៀងច្រៀងផ្ទាល់ជាភាសាអង់គ្លេស អមដោយបទមួយចំនួនជាភាសាខ្មែរផងដែរ។
ប្រិយមិត្តដែលគាំទ្រ ចង្វាក់ផាំងរ៉ុក ឬចង់ដឹងថាតន្ត្រីប្រភេទនេះមានសូរដូចម្ដេចនោះ ក្រុម អេនធី ហ្វេត នឹងសម្ដែងនៅក្លិប Equinox នាថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា រាជធានីភ្នំពេញ។ នៅថ្ងៃទី២២ ពួកគេនឹងលេចវត្តមាននៅបារ៍ Led Zephyr និងថ្ងៃទី ២៩ នៅបារ៍ Sharky'៕