
តូក្យូ៖ ប្រទេសជប៉ុននៅថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១២ នេះបាននិយាយថាខ្លួននឹង ដំណើរការកម្មវិធីកសាង និងសម្រេចនូវម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៣ថ្មីៗបន្ថែមទៀត បើទោះបីជាកាលពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបាននិយាយថា ខ្លួននឹងបោះបង់ថាមពលនុយក្លេអ៊ែរ ចោលទាំងស្រុងនៅរយៈពេល ៣០ឆ្នាំខាងមុខទៀតនេះក៏ដោយ។
ចំពោះការតម្លើងម៉ាស៊ីនរ៉េអាក់ទ័រថ្មីៗ នៅឯរោងចក្របីផ្សេងៗគ្នានេះដែរ ត្រូវបានពន្យាបន្ទាប់ ពីគ្រោះធម្មជាតិរញ្ជួយដីដ៏កក្រើកកាលពីថ្ងៃទី១១ ខែមិនា ឆ្នាំ២០១១ ដែលបានបណ្តាលឲ្យ គាំង ម៉ាស៊ីនរ៉េអាក់ទ័រ និង ផ្ទុះលេចធ្លាយសារធាតុវិទ្យុសកម្ម នៅរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ដែលបានបង្កវិនាសកម្មធំធេងបំផុត នៅភាគឦសានប្រទេសជប៉ុននោះ។
លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន យូគីអូ អេដាណូ បាននិយាយថា “យើងមិនអាចដក ការ អនុញ្ញាត ដែលបានផ្តល់ដោយក្រសួងយើង ទៅហើយនោះទេ។” ការលើកឡើងបែបនេះដែរ បានធ្វើឡើងស្របពេលដែលលោកជួបជាមួយនឹង រដ្ឋបាលប្រចាំតំបន់ អូមួរី ស្ថិតនៅភាគខាង ជើងប្រទេសជប៉ុន ដែលទីនោះមានម៉ាស៊ីនរ៉េអាក់ទ័រ ចំនួនពីរកំពុងគ្រោងដាក់ឲ្យដំណើរការ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រកន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន យូស៊ីហ៊ីកូ ណូដា បានដាក់ចេញនូវនយោបាយថាមពលថ្មី ដោយក្នុងនោះរួមមានទាំងការគ្រោងបញ្ឈប់ មិនឲ្យមានការពឹងផ្អែកលើថាមពលនុយក្លេអ៊ែរ ទៅថ្ងៃអនាគតខាងមុខនេះដែរ។ ការដាក់ចេញ នូវនយោបាយថ្មីនេះ គឺ ហាក់បីដូចជាការឱនក្បាលមួយទៅកាន់អ្នកតវ៉ា ជប៉ុនទាំងឡាយ ដែលបានលើកយកគ្រោះមហន្តរាយកាលពីឆ្នាំមុខនេះ មកប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរដែល រដ្ឋាភិបាលគ្រោងបន្ត និង បង្កើនបន្ថែមទៀតនោះ៕