Monday, April 22, 2013

បត់ម៉ូតូ ចូលស៊ីការ ត្រូវរថយន្ដ បុកស្លាប់ ទាំង ២នាក់

កំពង់ចាម ៖ បុរសខ្មែរឥស្លាម២នាក់ ត្រូវរថយន្ដ១គ្រឿង បុកស្លាប់នៅនឹងកន្លែង កើតហេតុ ខណៈដែលជនរងគ្រោះទាំង ២ កំពុងជិះម៉ូតូឌុបគ្នា ចូលទៅស៊ីការកាលពី វេលាម៉ោង ៩ និង១០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៣ ស្ថិតនៅក្នុងភូមិ ព្រែកជរ ឃុំសេដា ស្រុកតំបែរ ខេត្ដកំពង់ ចាម ។
មន្ដ្រីនគរបាល ចរាចរជើងគោក ស្រុក តំបែរ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២២ ខែ មេសា ឆ្នាំ ២០១៣ នេះថា ជនរងគ្រោះ ទី១ ឈ្មោះ សេត សាវី អាយុ ៣០ឆ្នាំ ជា អ្នកជិះពីក្រោយ និងជនរងគ្រោះទី២ ជា អ្នកបើកឈ្មោះ ឌិត កៃ អាយុ ២៨ឆ្នាំ ។
មន្ដ្រីនគរបាលចរាចរ បានបន្ដថា មុនពេល កើតហេតុ ជនរងគ្រោះទាំង ២នាក់ ដែល រស់នៅក្នុងភូមិឃុំកើតហេតុ បានជិះម៉ូតូឌុប គ្នា ទៅចូលរួមពិធីមង្គលការ លុះពេលកំពុង បត់ម៉ូតូចូល ស្រាប់តែមានរថយន្ដ ១គ្រឿង បុកពេញមួយទំហឹង បណ្ដាលឱ្យពួកគេស្លាប់ ភ្លាមៗតែម្ដង ។
យ៉ាងណាក៏ដោយ មន្ដ្រីនគរបាលចរាចរ មិនអាចបញ្ជាក់ពីម៉ាករថយន្ដបង្កហេតុ នោះឡើយ ពីព្រោះក្រោយពេលកើតហេតុ បានបើកគេចដោយសុវត្ថិភាព ។ ប៉ុន្ដែ ប្រភពព័ត៌មានមួយចំនួន បានឱ្យដឹងថា រថយន្ដបង្កហេតុខាងលើ ជារថយន្ដ សង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកស្រុក ឆ្លូង ខេត្ដក្រចេះ ។ ក្រោយកើតហេតុសព ជនរងគ្រោះទាំង ២នាក់ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនដល់ក្រុមគ្រួសារ យកទៅធ្វើ បុណ្យតាមប្រពៃណី ៕(DAPNEWS)

Comments system

Disqus Shortname