
សាក្សីដែលបានឃើញ ហេតុការណ៍ ខាងលើនេះបាន ឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ បុរសពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1C-6515 បានជិះក្នុងទិសដៅពីត្បូង ទៅជើង តាមបណ្តោយ ផ្លូវចំការដូង ខណៈជិះដល់ចំណុចកើតហេតុ ស្រាប់តែមាន រថយន្តសាំយ៉ុង ១២កៅអី មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2A-6245 ដែលកំពុងបើកបញ្ច្រាស ទិសគ្នា ជាមួយ និងម៉ូតូនោះ បានជ្រុលល្បឿន ទៅបុកម៉ូតូពេញទំហឹងលាន់លឺ សូរដូចរន្ទះបាញ់ខែប្រាំង បណ្តាលឲ្យជាអ្នក ឌុបម្នាក់ហោះផ្លោង បោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗ នៅនឹងចំណុច កើតហេតុ និងបុរសម្នាក់ទៀតបាន រងរបួសធ្ងន់ធ្ងរត្រូវបាន សមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយពីកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ ដែលរងការខូចខាត និងរថយន្តបង្កហេតុ ខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកអន្តរាគមន៍ វាស់វែង អូសយកទៅ រក្សាទុកនៅការិយាល័យ ចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយ តាមផ្លូវច្បាប់ ។
ចំណែកសាកសព បុរសរងគ្រោះ ត្រូវសមត្ថកិច្ចទំនាក់ទំនង ទៅក្រុមគ្រួសារ ឲ្យមកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី ។
សមត្ថកិច្ចបាន បញ្ជាក់ថា បុរសដែលស្លាប់បាត់បង់ជីវិត ខាងលើនេះមាន ឈ្មោះ ស៊ិន ស៊ីណាត ភេទប្រុស អាយុ ២៧ ឆ្នាំ ស្នាក់នៅ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ និងបុរសរងគ្រោះ សមត្ថកិច្ចនៅមិនទាន់ស្គាល់ អត្តសញ្ញាណនោះទេ ហើយគ្រោះថ្នាក់នេះកើតឡើង ដោយសារភាគីទាំងពីរបើកលឿន ដូចគ្នា ហើយរេចង្កូតបុកគ្នា តែម្តងទៅ៕(DAPNEWS)

