Wednesday, December 21, 2011

ឥឡូវនេះ​ អ្នកលក់ រឺ​ ម្ចាស់ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ ចាប់ផើ្តមមានជំនាញស្ទាត់ក្នុងការខ្ចប់ការដូរ

ថ្ងៃ​បុណ្យ​ណូអែល​ជិត​ឈាន​ចូល​មក​ដល់ ​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​គ្រប់​កន្លែង កំពុង​តែ​រៀបចំ​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទទួល​សា្វគមន៍​ដល់​អតិថិជន​ ពិសេស​យុវវ័យ​ទាំងអស់​។​ មិន​ខុស​ពី​ហាង​កាដូ​ធំៗ​ដទៃ​ទេ ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ ណៃស៍ កំពុង​តែ​មមាញឹក​ទទួល​ការ​កក់​ទុក​ដើម្បី​រៀបចំ​កាដូ​ជាច្រើន​សម្រាប់​ អតិថិជន​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល​។
នៅ​ក្នុង​ហាង ​កញ្ញា​ ​ ជៀក ​សៅ​សាយ័ន និង ជៀក ​ដារី កំពុង​តែ​រវល់​ចាត់​ចែង​ខ្ចប់​កាដូ​ និង​ត្រួត​ពិនិត្យ​លើ​ទំនិញ​ដែល​នាំ​ចូល​ត្រៀម​សម្រាប់​បុណ្យ​ណូអែល ​និង​ចូល​ឆ្នាំ​សកល​ខាង​មុខ​នេះ​។
ក្នុង​ទឹក​មុខ​ញញឹម​ពព្រាយ​ កញ្ញា​សាយ័ន ​ដែល​ជា​បង​ស្រី​វ័យ​​២៥​ឆ្នាំ​ បាន​និយាយ​ថា​ ថ្ងៃ​ដែល​លក់​ដាច់​បំផុត​នោះ​ គឺ​ឱកាស​បុណ្យ​ណូអែល​នេះ​ហើយ។ ​​ពេល​ខ្លះ កញ្ញា​មិន​បាន​សម្រាក​ពេញ​មួយ​យប់ ​ដើម្បី​រៀបចំ​ទំនិញ​របស់​ភ្ញៀវ​ឲ្យ​បាន​ទាន់​ពេល​វេលា​​។ កញ្ញា​​បន្ត​ថា៖ «ខ្ញុំ​តែង​តែ​បន្ថែម​បុគ្គលិក​ជាង​១០​នាក់​ ក្នុង​រដូវ​កាល​ដ៏​ពិសេស​នេះ ប៉ុន្តែ​នៅ​តែ​មិន​អាច​ធ្វើ​ទាន់​តម្រូវ​ការ​អតិថិជន​បាន​ឡើយ»។
ទំនិញ​មាន​គុណភាព និង​ការ​ខ្ចប់​តម្លៃ​ថោក​សមរម្យ គឺជា​សេវា​កម្ម​ដែល​លេច​ធ្លោ​របស់​ណៃស៍​។ ទាំង​ កញ្ញា​សាយ័ន​ ​និង​ដារី​ សុទ្ធ​តែ​មាន​វិធី​សាស្រ្ដ​វេច​ខ្ចប់​កាដូ​ដ៏​ជំនាញ​ដើម្បី​បំពេញ​តម្រូវ​ ចិត្ដ​អតិថិជន​​។ ​កញ្ញា បាន​បន្ថែម​ថា​៖ «មិន​ថា​វត្ថុ​ប្រភេទ​ណា​ក៏​ដោយ​ ក៏​ពួក​យើង​អាច​ខ្ចប់​ជា​កាដូ​យ៉ាង​ស្អាត​បែប​​រ៉ូមែនទិក និង​ថ្លៃថ្នូរ​បំផុត ដោយ​អាស្រ័យ​លើ​តម្រូវ​ការ​របស់​អតិថិជន»។

កញ្ញា ដារី ជា​ប្អូន​ស្រី​អាយុ​២០​ឆ្នាំ ធ្វើ​ការងារ​បណ្ដើរ​ និង​និយាយ​បណ្ដើរ​ថា កញ្ញា​តែងតែ​ប្រើ​វត្ថុ​ផ្សេងៗ​នៅ​ក្នុង​ហាង​ដើម្បី​ច្នៃ​ជា​ម៉ូដ​ ប្លែកៗ​លើ​កញ្ចប់​កាដូ។ ដូច្នេះ​ទើប​កាដូ​របស់​ហាង​ណៃស៍​មើល​ទៅ​ស្អាត​ប្លែក​ពី​ហាង​ដទៃ​។
កញ្ញា បាន​លើក​ឡើង​ថា​៖ «​ពួក​យើង​មិន​ដែល​ចម្លង​ម៉ូដ​ពី​នរណា​ម្នាក់​ទេ សូម្បី​តែ​ម៉ូដ​ពី​ទស្សនាវដ្តី ដោយសារ​យើង​ចង់​បាន​អ្វី​ដែល​ថ្មី​សម្រាប់​អតិថិជន អ៊ីចឹង​ហើយ​បាន​ជា​ពួក​យើង​ត្រូវ​តែ​មាន​គំនិត​ច្នៃ​ប្រឌិត​ប្លែកៗ​ជានិច្ច​ »​។​ ជាមួយ​នឹង​បទ​ពិសោធ​ជាង​៨​ឆ្នាំ បង​ប្អូន​ស្រី​ទាំង​២​នាក់ បាន​ក្លាយ​ទៅ​ជា​អ្នក​ជំនាញ​ខាង​វេច​ខ្ចប់​កាដូ ពីព្រោះ​ពួក​គេ​អាច​ខ្ចប់​កាដូ​យ៉ាង​ស្អាត​មួយ​ក្នុង​ពេល​តែ​ប្រមាណ​តែ ២​ទៅ​៣នាទី​ប៉ុណ្ណោះ​។
ជួន​កាល វា​ពិត​ជា​ពិបាក​ជឿ​ណាស់​ថា​ គ្រាន់​តែ​ការ​ខ្ចប់​កាដូ​អាច​ទទួល​បាន​ឈ្នួល​ដល់​ទៅ​៤០​ដុល្លារ​ ប៉ុន្តែ​នេះ​ជា​ការ​ពិត​ដែល​ណៃស៍​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​អាច​ធ្វើ​បាន​ ​។ ពួក​គេ បាន​ពន្យល់​ថា៖ «​ការ​ខ្ចប់​កាដូ គឺ​នៅតែ​មាន​ការ​ពេញ​និយម​ខ្លាំង ដោយ​សារ​តែ​វា​បង្ហាញ​ពី​សិល្បៈ​នៃ​ការ​ច្នៃ​ប្រឌិត។ សាមញ្ញ​តែ​ថ្លៃថ្នូរ​ គឺជា​និមិត្ត​សញ្ញា​នៃ​ហាង​របស់​យើង»។
បើ​ទោះ​បី​ជា​មាន​ទី​តាំង​នៅ​ឆ្ងាយ​ពី​ហាង​ដទៃ​ទៀត​យ៉ាង​ណាក៏​ដោយ ក៏​ណៃស៍ នៅ​តែ​មាន​សមត្ថភាព​​ទាក់​ទាញ​មិត្ត​យុវវ័យ​ជា​ច្រើន ជា​ពិសេស​អ្នក​មាន​ទ្រព្យ​ធន​ស្ដុកស្ដម្ភ​ ពីព្រោះ​វា​មាន​កន្លែង​ចត​រថយន្ដ​​ងាយ​ស្រួល និង​ទិដ្ឋភាព​ក្នុង​ហាង​មិន​រញ៉េរញ៉ៃ និង​អ៊ូអរ​ទេ​។
បង្កើន​ចំនួន​នៃ​អ្នក​ទិញ​គឺជា​គោលដៅ​នៃ​បង​ប្អូន​ស្រី​ទាំង​ពីរ​។ ​ពួក​គេ​ បាន​អះអាង​ថា​ ទាំង​កាដូ​ និង​​សេវាកម្ម ពួក​យើង​អាច​បាន​ផល​ចំណេញ​តែ១​ឬក៏​២​ដុល្លារ​ប៉ុណ្ណោះ​ ប៉ុន្តែ​ពួក​យើង​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​អតិថិជន​តែងតែ​មក​ហាង​នេះ​ម្តង ហើយ​ម្តង​ទៀត​៕

Comments system

Disqus Shortname