
យូអិន៖ ប្រេសិតតំណាងអង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់ លោក កូហ្វី អាណាន់ បាន និយាយថា អំណាចមកពីខាងក្រៅ ជាអ្នកដែលបានជំរុញឲ្យមាន អំពើហិង្សាកើតឡើងនៅ ប្រទេសស៊ីរី។ លោក អាណាន់ ក៏បានធ្វើការអំពាវនាវថ្មីមួយផងដែរ ដើម្បីឲ្យមានការរៀបចំ កិច្ចប្រជុំកំពូលជាលក្ខណៈអន្តរជាតិ ដើម្បីដោះស្រាយវិបត្តិស៊ីរី នៅថ្ងៃសៅរ៍ ទី៣០ ខែមិថុនា ឆ្នាំ ២០១២នេះ។
គេហទំព័រព័ត៌មាន Channel News Asia បានចេញផ្សាយទៀតថា លោក អាណាន់ បានផ្តល់បទសំភាសន៍ដោយលើកឡើង ពីបញ្ហាខាងលើនេះដល់ កាសែត វ៉ាស៊ីនតោនប៉ុស្តិ៍។ នៅក្នុងនោះលោកបានបញ្ជាក់ថា អំណាចខាងក្រៅជាច្រើន បានចូលរួមយ៉ាងជ្រៅចូលទៅក្នុងជម្លោះ នៃប្រទេសស៊ីរី។ បើទោះបីជាមានការ រួបរួមជាផ្លូវការណ៍នៅពីក្រោយ ផែនការសន្តិភាពទាំង ៦ ចំណុចនោះក៏ដោយ ក៏ការមិនទុកចិត្តគ្នាទៅវិញទៅមក បានធ្វើឲ្យពួកគេមិនអាចធ្វើការងារ ដើម្បីបំពេញតាមគោលដៅទាំងអស់បាន។
លោក អាណាន់ មិនបានបញ្ជាក់ថាប្រទេសណាខ្លះនោះទេ ដោយលោកបានបន្តទៀតថា ទោះបីការធ្វើនោះជាចេតនា ឬ មួយក៏ប្រការអ្វីផ្សេងទៀតក៏ដោយ ក៏ពួកគេបានជំរុញឲ្យរដ្ឋាភិបាល និងផ្នែកខ្លះនៃពួកប្រឆាំង ជឿជាក់ថាមានតែកម្លាំងបាយនោះទេ ដែលអាចដោះ ស្រាយបញ្ហាបាន។ ចំពោះការធ្វើបែបនេះ មិនបានផ្តល់ផលប្រយោជន៍ ដល់នរណាម្នាក់នោះទេ ប៉ុន្តែប្រជាជនស៊ីរីទាំងអស់ជាអ្នករងគ្រោះ។
គួរបញ្ជាក់ផងដែរថា លោក កូហ្វី អាណាន់ នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេស មកពីប្រទេសរុស្ស៊ី, សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, បារាំង, និង ចិន នៅទីក្រុង ស៊ឺណែវ ប្រទេសស្វីស នាថ្ងៃសៅរ៍ ទី៣០ ខែមិថុនា នេះដើម្បីស្វែងរកការគាំទ្រពីអន្តរជាតិ ក្នុងការផ្ទេរអំណាចនៅ ប្រទេសស៊ីរី។ ចំពោះប្រទេសរុស្ស៊ីវិញ បានបង្ហាញពីជំហររបស់ខ្លួន រួចទៅហើយ ក្នុងការបិទមិនឲ្យ ប្រទេសលោកខាងលិច ដាក់ទណ្ឌកម្មលើលោកប្រធានាធិបតី អាស្សាដ បាននោះទេ៕